ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
កាសែត New York Times ៖ Trump កំពុង​រិះរក​ការវាយលុក​លើ​ទីតាំង​នុយក្លេអ៊ែរ​ដ៏​សំខាន់​របស់​អ៊ីរ៉ង់​
Wed,18 November 2020 (Time 12:55 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 51នាក់)

​អាមេរិក ​៖ ទីប្រឹក្សា​របស់លោក​ប្រធានាធិបតី Donald Trump ទំនងជា​បាន​បដិសេធ​មិន​ឲ្យ​គាត់​ចេញ​បញ្ជា​ឲ្យ​យោធា​ធ្វើការ​វាយប្រហារ​លើ​អ៊ីរ៉ង់ ដោយ​ព្រមាន​ថា វា​នឹង​បង្កើន​ជម្លោះ​ដែល​កំពុង​បន្ត​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​នៅក្នុង​សប្តាហ៍​ចុងក្រោយ​នៃ​តំណែង​ប្រធានាធិបតី​របស់លោក Trump។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត New York Times។​

​កាសែត​ដដែល​បាន​រាយការណ៍​ថា​លោក Trump កំពុង​រិះរក​ការវាយលុក​ទៅលើ​ “ទីតាំង​នុយក្លេអ៊ែរ​ដ៏​សំខាន់​របស់​អ៊ីរ៉ង់​” នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ដោយ​លោក​បាន​សួរ​ទៅកាន់​ទី​ព្រឹក្សា​របស់លោក​ថា​តើ​លោក​មាន​ជម្រើស​បែបនេះ​ដែរឬទេ អំឡុង​កិច្ចប្រជុំ​មួយ​នៅឯ​ការិយាល័យ Oval កាលពី​ថ្ងៃ​ចន្ទ។​

​ទីប្រឹក្សា​ដែល​ក្នុងនោះ​មាន​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Christopher Miller និង​ប្រធាន​អគ្គសេនាធិការ​ចម្រុះ​លោក Mark Milley ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បដិសេធ​លោក Trump ពី​ការវាយប្រហារ​នេះ ដោយ​សម្តែង​ការព្រួយបារម្ភ​ថា វា​នឹង​បង្កើន​ជម្លោះ​កាន់តែ​ធំ​នៅក្នុង​សប្តាហ៍​ចុងក្រោយ​នៃ​តំណែង​ប្រធានាធិបតី​របស់លោក Trump”។​

​របាយការណ៍​នេះ​បាន​លេចចេញ ចំពេល​មានការ​ចោទប្រកាន់ថា​លោក Trump កំពុង​ប៉ុនប៉ង​បំផ្លាញ​រដ្ឋបាល​របស់លោក Joe Biden ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋអាមេរិក​បានប្រកាស​ថា​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​នៅ​សេត​វិមាន ទោះបីជា​លទ្ធផល​នៃ​ការបោះឆ្នោត​ផ្លូវការ​នៅតែ​មិនត្រូវ​បានប្រកាស​ក៏ដោយ ខណៈ​លោក Trump បដិសេធ​មិន​ព្រម​ទទួលស្គាល់​លទ្ធផល​នេះនោះ​ទេ​ដោយ​អះអាងថា ការបោះឆ្នោត​នេះ​ត្រូវបាន​គេ​បន្លំ​សន្លឹកឆ្នោត។​

​យោងតាម​កាសែត New York Times បាន​ឲ្យ​ដឹងថា ការវាយប្រហារ​ប្រឆាំងនឹង​អ៊ីរ៉ង់​ប្រសិនបើ​ត្រូវបាន​ធ្វើឡើង​មែន​នោះ វា​ពិតជា​នឹង​ផ្តោត​គោលដៅ​ទៅលើ​រោងចក្រ Natanz ដែលជា​រោងចក្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែលជា​ទូទៅ​ត្រូវបាន​គេ​ចាត់ទុកថា​ជាទី​តាំង​កណ្តាល​សម្រាប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម។​

​កិច្ចប្រជុំ​នៅ​ការិយាល័យ Oval ត្រូវបាន​គេ​ដឹងថា​ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) បាន​រាយការណ៍​អំពី​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៃ​ឃ្លាំង​ស្តុក​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ធំ​ជាង១២ដង​ច្រើនជាង​ការអនុញ្ញាត​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥ ដែល​លោក Trump បាន​ដកខ្លួន​ចេញ​ជា​ឯកតោភាគី​នៅ​ឆ្នាំ ២០១៨៕