ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង ស្ថិតនៅក្រុងស្វាយរៀង
Tue,30 November 2021 (Time 11:46 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 84នាក់)

នាព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង ស្ថិតនៅមណ្ឌលសុខភាពបាសាក់​ ភូមិតារាងបាល់​ សង្កាត់គយត្របែក​ ក្រុងស្វាយរៀង។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមានឯកឧត្ដមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាល អភិបាលរងក្រុង លោកមេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងជាច្រើនរូបទៀត។
មានប្រសាសន៍នូវក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រោមការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញជូនដល់ប្រជាពលរដ្ឋដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រពេញលេញក្នុងការការពារប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវប្រជាពលរដ្ឋ សូមមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាដូសជំរុញឱ្យបានគ្រប់ៗគ្នា ហើយត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ហើយក្រោយទទួលបានវ៉ាក់សាំងរួចត្រូវតែបន្តប្រកាន់ខ្ជាប់នូវវិធានការ "៣ការពារ ៣កុំ" របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ក្នុងក្រុងស្វាយរៀង មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២១ ដែលមានចំនួន ២ទីតាំង គឺមណ្ឌលសុខភាពសង្ឃ័រ​ សង្កាត់សង្ឃ័រ​ និងមណ្ឌលសុខភាពបាសាក់​ សង្កាត់គយត្របែក៕