ភ្នំពេញៈបក្ខពួកពីរនាក់ទៀត ពាក់ព័ន្ធការបាញ់សម្លាប់ លោក រ៉េត ស៊ីណែត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តត្បូងឃ្មុំជនសង្ស័យ ពីរនាក់ប្តីប្រពន្ធបន្ថែមទៀត ពាក់ព័ន្ធការបាញ់សម្លាប់ លោក រ៉េត ស៊ីណែត នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតបាន កាំភ្លើងខ្លី មួយដើម និងគ្រាប់មួយចំនួន។មន្ត្រីនគរបាល បានបង្ហើបអោយដឹងថាៈ បក្ខពួកប្តីប្រពន្ធ ទាំងពីរនាក់នេះ គឺជាអ្នកផ្តល់ម៉ូតូមួយគ្រឿង ដល់ជនដៃដល់ អ៊ា ណារ៉េន ជាមធ្យោបាយជិះគេចខ្លួន ។ ការចាប់ខ្លួននេះ ជនសង្ស័យទាំង ពីរនាក់ ប្តីប្រពន្ធនេះ ក៏ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលធ្លាប់បានធ្វើសកម្មភាព ជួញដូរគ្រឿងញៀន ជាមួយជនដៃដល់ នាពេលកន្លងមក។ជនសង្ស័យទាំង ពីរនាក់ ត្រូវបានបញ្ជូនមកកាន់ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត តាមនីតិវិធី ។ ដោយឡែក សាកសពជនដៃដល់ អ៊ា ណារ៉េន ត្រូវបានសមត្ថកិច្ច ដឹកមកតម្កល់ទុក នៅក្នុងវត្ត រង់ចាំប្រពន្ធកូន និង ក្រុមគ្រួសារ មកទទួលយក ទៅធ្វើបុណ្យ តាមប្រពៃណី។គួររំលឹកថា នាថ្ងៃទី១៦ មករា នេះ ទទួលបានរបាយការណ៍ បន្ថែមពីសមត្ថកិច្ច ពាក់ព័ន្ធប្រតិបត្តិការ បង្ក្រាបជនដៃល់ ឈ្មោះ អ៊ា ណារ៉េន ដែលបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយសមត្ថកិច្ច ឡោមព័ទ្ធចំនួន ៤ ខេត្ត រហូតជនដៃដល់ ត្រូវបានបាញ់សម្លាប់ ព្រោះបាញ់តដៃជាមួយសមត្ថកិច្ច មិនព្រមប្រគល់ខ្លួន តាមសម្រួល ។យោងតាមរបាយការណ៍ បានអោយដឹងថា ក្រោយពីមានហេតុការណ៍ បាញ់សម្លាប់លោក រ៉េត ស៊ីណាត, នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ បានដឹកនាំសហការ ជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ ២៥ឆ្នាំ ជាអ្នកបើករថយន្ត នៅចំណុចផ្ទះជួលក្បែរវត្តទួលតាឯក ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ភេទប្រុស អាយុ ៣៨ឆ្នាំ បានគេចទៅលាក់ខ្លួន នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ រហូតដល់ កំណត់បានទីតាំង លាក់ខ្លួនរបស់ជនសង្ស័យ ហើយបានសហការជាមួយ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងស្នងការដ្ឋានគរបាល ខេត្តក្រចេះ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់លោក លិ សុផា ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ ។នៅវេលាម៉ោង ១៧:៤៦នាទី កម្លាំងសមត្ថកិច្ច បានប្រទះឃើញជនសង្ស័យ នៅចំណុចមាត់អូរ ជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចំការស្វាយចន្ទី ស្តិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយសមត្ថកិច្ច បានឲ្យជនសង្ស័យ ប្រគល់ខ្លួនតាមសម្រួល ។ ប៉ុន្តែខណៈពេលនោះ ជនសង្ស័យ រឹងរូសមិនព្រមប្រគល់ខ្លន និង បានបាញ់ មកលើសមត្ថកិច្ច ។ ភ្លាមនោះ សមត្ថកិច្ចយើង បានប្រើសិទ្ធិការពារខ្លួន ដោយបាញ់តបតគ្នា ទៅវិញទៅមក បណ្តាលឲ្យជនសង្ស័យ ឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។ជាមួយគ្នានេះ វត្ថុតាងដកហូត មានអាវុធខ្លីមួយដើម ម៉ាក CZ 75B លេខ 5493V ពណ៌ទឹកប្រាក់ មួយដើម ។ បច្ចុប្បន្ន សាកសពបានប្រគល់ឲ្យស្នងការដ្ឋាន នគរបាលខេត្តក្រចេះ ដើម្បីចាត់ចែងតាមនីតិវិធី ។គួររំលឹកបន្ថែមថា អំពើឃាតកម្មបាញ់សម្លាប់លោក រ៉េត ស៊ីណែត គឺបានកើតឡើង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ រំលងអធ្រាត្រ នៅចំណុចមុខផ្ទះសំណាក់ សាំងហ័រទៀន ផ្លូវសហព័ន្ធរុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ