ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ និង​ផ្ដល់​គន្លឹះ​មួយចំនួន ជូន​ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​ការពារ អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.)
Mon,25 January 2021 (Time 07:46 PM)
ដោយ ៖ ប៊ុនធឿន (ចំនួនអ្នកអាន: 258នាក់)

ភ្នំពេញ​: លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ និង​ផ្ដល់​គន្លឹះ​មួយចំនួន ជូន​ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​ការពារ អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្តបន្ទាយមានជ័យ ឱ្យ​បន្ត​អនុវត្តន៍ ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បីឱ្យ​ការងារ​មាន ប្រសិទ្ធភាព​ខ្ពស់ និង​លទ្ធផល កាន់តែ​ល្អប្រសើ​។​

នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ នៃ​មន្ទីរ​ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ នៅ​រសៀល ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង នូវ​គន្លឹះ​សំខាន់ៗ ជូន​ដល់​មន្ត្រីរាជការ​ថាៈ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់ ក្នុងការ​ពង្រីក​ចំណេះដឹង បន្ថែមទៀត ទាំង​កម្រិត​ជំនាញ និង​ភាសាបរទេស តាមរយៈ​ការសិក្សា​បន្ថែម ការស្រាវជ្រាវ និង​ដកស្រង់​នូវ បទពិសោធន៍ ពី​មន្ត្រី​ដែលមាន​សមត្ថភាព និង​ជាពិសេស​រួមសហការ​គ្នា ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព ផលិតផល​ទំនិញ គ្រឿងឧបភោគ បរិភោគ ឱ្យ​កាន់តែ​ស្វាហាប់ ដើម្បី​ការពារ​សុខភាព របស់​ប្រជាពលរដ្ឋ​, បញ្ចៀស​ដាច់ខាត ការទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ ពី​អា​ជីករ ពាណិជ្ជករ ផលិតករ អ្នក​នាំចេញ និង​សេវា​ផ្សេងៗ ដែល​ផ្ទុយ​ពី​ខ្លឹមសារ ប្រកាស​រួម​ស្តីពី កម្រង​សេវាសាធារណ​: រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ស្នើ​បន្ត​ជំរុញ​ពង្រឹង​បន្ថែម យន្តការ​តាមដាន និង​ត្រួតពិនិត្យ ការគ្រប់គ្រង​អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និង​សន្និធិ​ទំនិញ​ចាំបាច់ ស្រូវ​-​អង្ករ ប្រេងឥន្ធនៈ និង​ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ នៅតាម​ព្រំដែន ដោយ​ប្រើប្រាស់ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​។ ជំរុញ​យន្តការ​ដោះស្រាយ រាល់​បញ្ហា​ដល់​កសិករ ផលិតករ ដោយ​ផ្តោតលើ​ផលិតផល សក្តានុពល ចំនួន ៥​មុខ មាន់​ស្រែ បន្លែ ដំឡូង ស្រូវ​ប្រណិត និង​សូត្រ ដោយ​បង្កើត​ផ្សារ​ចុង​សប្តាហ៍​។

ថ្មីៗ​នេះ ក្រសួង​បាន​បង្កើត​ក្រុមប្រឹក្សា​ពិន័យ សំដៅ​ទប់ស្កាត់ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ស្តីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល បង្កា​នូវ​បាតុភាព​អសកម្ម មិន​គោរព​វិន័យ ពុករលួយ រំលោភច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​។ ពេល​ចុះ​អនុវត្តន៍​ការងារ និង​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ក្នុងស្ថានភាព​ថ្មី នៃ​ជំងឺ​កូ​វីដ​១៩ នាពេលនេះ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន ជាប់​ជានិច្ច និង​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន ដែល​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ខេត្តបន្ទាយមានជ័យ សម្រេចបាន​កន្លងមក គួរ​ជាទី​មោទនៈ ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ ពី​ការបំពេញភារកិច្ច ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ជាពិសេស​កិច្ចសហការ​ល្អ ជាមួយ​រដ្ឋបាលខេត្ត និង​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ ក្នុង​ខេត្តបន្ទាយមានជ័យ​៕