ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ផែនប្រឆាំងភេរវកម្ម ចូលរួមកិច្ចប្រជុំក្រុមការងារស្ដីពីការងារប្រឆាំងភេរវកម្ម លើកទី១៧
Thu,10 June 2021 (Time 04:01 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 198នាក់)

នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនប្រឆាំងភេរវកម្ម ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្ដីពីក្រុមការងារប្រឆាំងភេរវកម្ម លើកទី១៧ នៃឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូ ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមការងារSOMTC ដោយមានការចូលរួមពីអនុប្រធាននាយកដ្ឋាន តំណាងពីនាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិកផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសអាស៊ានតម្រូវឲ្យធ្វើបទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃយុទ្ធសាស្ត្រជាតិ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រឆាំងនឹងអំពើភារវកម្ម។ ក្នុងនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានលើកឡើងថា បើទោះបីជាជួបឧបសគ្គដោយសារជំងឺកូវីដ១៩ កម្ពុជានៅតែមានវឌ្ឍនភាពលើក្របខណ្ឌច្បាប់ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងបទល្មើសពាក់ព័ន្ធ ដោយច្បាប់ចំនួន២ត្រូវបានអនុម័តក្នុងឆ្នាំ២០២០ រួមមានច្បាប់ស្ដីពីការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ឯកឧត្តម បានបន្តថាមន្ត្រីអនុត្តច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធក៏ចូលរួមក្នុងការពង្រឹងការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពផងដែរ។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ចំពោះការដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត ក្រុមការងារពាក់ព័ន្ធត្រូវរួមគ្នាចែករំលែកមតិយោបល់ និងបទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងបទល្មើសនានាក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ឯកឧត្តម ក៏បានបន្ថែមថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាឧទាហរណ៍ដ៏ល្អមួយ នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយភាគីពាក់ព័ន្ធនៃប្រទេសអាស៊ាន ហើយឯកឧត្តមជឿជាក់ថា ភាគីទាំងអស់ នឹងនៅតែបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទដើម្បីញ៉ាំងឲ្យការអភិវឌ្ឍសហគមន៍របស់យើងកាន់តែមានភាពប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១៧នេះគឺដឹកនាំដោយSOMTC ឥណ្ឌូនេស៊ី និងមានគោលបំណងពិភាក្សាលើយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ក្នុងការប្រឆាំងភេរវកម្ម, ឯកសារនៃការអនុវត្តការងារ និងទិសដៅនាពេលអនាគតសម្រាប់ការងារពាក់ព័ន្ធនឹងវិស័យនេះ។ ព្រមជាមួយគ្នានេះ កិច្ចប្រជុំនេះ ក៏ជាឱកាសសម្រាប់ភាគីនីមួយៗរួមគ្នាផ្ដល់យោបល់ ពិនិត្យសារឡើងវិញនូវកម្មវិធីការងាររបស់SOMTCទាក់ទងនឹងការប្រឆាំងភេរវកម្ម ដែលជាផ្នែកមួយនៃផែនការសកម្មភាពរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម៕