ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អាជ្ញាធរខេត្តមណ្ឌលគិរី ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋនៅស្រុកកែវសីមា
Thu,15 July 2021 (Time 01:09 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 99នាក់)

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ជូនដល់ប្រជាពលរដ្ឋចំនួន ១២,០០០នាក់ នៅស្រុកកែវសីមា បន្ទាប់ពីទទួលបាននូវវ៉ាក់សាំងចំនួន ១ម៉ឺន ២ពាន់ដូស ពីរាជរដ្ឋាភិបាល។ ការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋរស់នៅស្រុកកែវសីមានេះ ខណៈដែលនៅតាមបណ្តាក្រុង/ស្រុកមួយចំនួន ក្នុងខេត្ត នៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាប្រចាំថ្ងៃ។

ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រោយពីទទួលបាននូវវ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ចំនួន ១២.០០០ដូស ពីរាជរដ្ឋាភិបាល ក្នុងវគ្គទី៣នេះ អាជ្ញាធរខេត្ត ចាប់ផ្ដើមចាក់ដល់ពលរដ្ឋរស់នៅក្នុងឃុំចំនួន ៣ គឺឃុំស្រែខ្ទុម ឃុំស្រែព្រះ និងឃុំស្រែឈូក ក្នុងស្រុកកែវសីមា ជាមុខសិន ហើយជាបន្ទាប់ទៀត នឹងចាក់ជូនពលរដ្ឋនៅក្រុង/ស្រុក ចំនួន២ទៀត មានស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ។

ឯកឧត្តមបន្តថា សម្រាប់ដំណើរការចាក់នាពេលនេះ គឺមានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត/ស្រុក មន្ត្រីជំនាញ និងអាជ្ញាធរស្រុក រួមទាំងសមត្ថកិច្ច សហការគ្នាត្រួតពិនិត្យធ្វើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឲ្យមានលក្ខណៈល្អប្រសើរ ដើម្បីឲ្យការចាក់វ៉ាក់សាំងសម្រេចបានតាមផែនការ។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម ឬអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ។

តាមការលើកឡើងរបស់លោក គីមសៀន បញ្ញា ប្រធានក្រុមឆ្លើយតបបន្ទាន់ជំងឺឆ្លង និងជាអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងលើកទីដំបូង ជូនប្រជាពលរដ្ឋនៅស្រុកកែវសីមា មានអ្នកបានចុះឈ្មោះ ចាប់ពីអាយុ ១៨-៥៩ឆ្នាំ មានចំនួន ៦៣០នាក់ ស្រី ២៨៧នាក់ អ្នកទទួលបានចាក់វ៉ាក់សាំងចំនួន ៦២២នាក់ ស្រី ២៨២នាក់ និងអ្នកមិនអាចចាក់វ៉ាក់សាំងចំនួន ០៨នាក់ ស្រី ០៥នាក់ ដោយឡែក មនុស្សចាស់ អាយុ ៦០ឆ្នាំ បានចុះឈ្មោះ សរុបចំនួន ៣៤នាក់ ស្រី ១៧នាក់ បានទទួលការចាក់វ៉ាក់សាំងទាំងអស់។

សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ក៏បានអនុវត្តការវ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំង អ្នកមានអទិភាព រួមទាំងគ្រួសារអតីតយុទ្ធជន ប្រជាពលរដ្ឋ ចំនួនពីរវគ្គផងដែរ ដោយវគ្គទី១ប្រើវ៉ាក់សាំងប្រភេទ Sinopham ចាក់ជូនប្រជាពលរដ្ឋចំនួន ២,៨៥៨នាក់ ស្រីចំនួន១,០១៧នាក់ ចំណែកវគ្គទី២ប្រើវ៉ាក់សាំងប្រភេទ Sinovac ចាក់ជូនប្រជាពលរដ្ឋចំនួន ៣,៤៨៧នាក់ ស្រីចំនួន១,៤៨៧នាក់ ហើយសរុបទាំងពីរវគ្គ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ក្នុងខេត្តមណ្ឌលគិរី ដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរលើក មាន៦,៣៤៥នាក់ ស្រី២,៥០៥នាក់៕