ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំស្ដីពីការគ្រប់គ្រងការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ
Fri,09 July 2021 (Time 02:54 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 136នាក់)

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ស្ដីពីការគ្រប់គ្រងការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយមានការចូលរួមពីឯកឧត្ដមស្នងការនគរបាលរាជធានីភំ្នពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រីអភិបាលខណ្ឌទាំង១៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតមកដល់ម៉ោងនេះ អ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះបានកើនឡើងដល់ចំនួន ៩១៥នាក់ហើយ ហើយក្នុងចំនួននេះ មានអ្នកសះជាពីជំងឺនេះ ចំនួន២៦៨នាក់ និងមានអ្នកកំពុងព្យាបាលចំនួន៦៤៧នាក់ ស្រីចំនួន៣១៧នាក់។ លោកបញ្ជាក់ថា «ការកើនឡើងនូវចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះនៅប៉ុន្មានថ្ងៃនេះ ដោយសារតែយើងបានលើកទឹកចិត្តឲ្យពួកគាត់បានព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ»។

លោកប្រធានមន្ទីរបន្តថា «ចំពោះអ្នកជំងឺដែលមាន និងកំពុងព្យាបាលនៅតាមមណ្ឌល ពួកគាត់អាចសុំការអនុញ្ញាត ប្តូរទៅព្យាបាលនៅតាមផ្ទះវិញបាន តែត្រូវមានកិច្ចសន្យាមួយ ជាមួយក្រុមការងារដោយភ្ជាប់នូវ លក្ខខ័ណ្ឌច្បាប់មួយចំនួន ហើយយើងជាអ្នករាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រង មើលខុសត្រូវពួកគាត់»។

ឯកឧត្តម ឃួង ស្រេង លើកឡើងថា ប្រជាពលរដ្ឋ ក្រោយការពិនិត្យធ្វើតេស្តទៅឃើញវិជ្ជមានកូវីដ-១៩ ក្នុងនាមជាអាជ្ញាធរនិងក្រុមគ្រូពេទ្យ ត្រូវសួរនាំពួកគាត់ថា តើមានលទ្ធភាពទៅព្យាបាលនៅតាមផ្ទះទេ បើមានត្រូវជូនពួកគាត់មកផ្ទះខ្លាចពួកគាត់ទៅណា ផ្តេសផ្តាសមុនចូលផ្ទះ។

នៅផ្ទះទៀតសោធ ទោះបីផ្ទះនោះ ជាផ្ទះអ្នកណាក៏ដោយត្រូវតែដាក់ស្លាកសញ្ញា (ឡាហ្គោ) ដែលចេញដោយសាលារាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋផ្សេងទៀតបានដឹង និងចេះប្រយ័ត្នខ្លួន។ ចំពោះសំរាមនៅផ្ទះអ្នកព្យាបាលកូវីដ-១៩ មិនអនុញ្ញាតឲ្យយកចេញរាល់ថ្ងៃទេ គឺត្រូវទុករយៈពេល៧២ម៉ោង ទើបឲ្យយកចេញមកក្រៅម្តង ព្រោះខ្លាចរីករាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ចំណោះការងារព្យាបាលនៅតាមផ្ទះនេះ ដោយអាយុជីវិត និងជោគវាសនាពួកគាត់ត្រូវពឹងពាក់មកលើយើងហើយ។ ឯកឧត្តមយល់ឃើញថា ការព្យាបាលតាមផ្ទះនេះ ពិតជាទទួលបានបានជោគជ័យ ដោយសារតែប្រជាពលរដ្ឋ ចូលរួមសហការ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការងារនៃការព្យាបាលតាមផ្ទះនេះ៕