ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ក្រសួង​វប្បធម៌ កំពុងស៊ើបអង្កេត​ និង​ដោះស្រាយ ករណី​វាយកម្ទេច​កុដិ​បុរាណ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម​
Thu,22 December 2022 (Time 09:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 239នាក់)

ភ្នំពេញ ៖ ករណីវាយកម្ទេចកុដិបុរាណក្នុងបរិវេណវត្តឧណ្ណាលោម ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់ជំហរសារជាថ្មីថា ខ្លួននឹង​សហការ​ជាមួយ អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស៊ើបអង្កេត និង​ដោះស្រាយ​តាម​វិធានការ​ច្បាប់ ចំពោះ​ករណី​វាយកម្ទេច​កុដិ​បុរាណ ចំនួន ៣ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោមនេះ ។​

បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២២ បានលើកឡើង​ថាៈ ” ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​គោរព ជម្រាបជូន​សាធារណជន​ទាំងអស់ មេត្តា​ជ្រាបថា ករណី​នៃ​ការ​វាយកម្ទេច​កុដិ​បុរាណ ចំនួន​៣ (​លេខ​៤៣, ៤៤ និង ៤៥) ដែល​បាន​កសាង នា​កំឡុង​ឆ្នាំ​១៩៣០ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម រហូតដល់​បាត់បង់ រូបភាព​ដើម​ទាំងស្រុង កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២ កន្លងមកនេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​សហការ​ជិតស្និទ្ធ ជាមួយ​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ដោះស្រាយ តាម​វិធានការ​ច្បាប់ ដោយ​រក្សា​ទីតាំង​នោះ ពុំ​ឲ្យ​មានការ​សាងសង់ សំណង់​អ្វី​ថ្មី រហូតដល់​នីតិវិធី​នានា ដែលមាន​ជា​ធរមាន ត្រូវបាន​ដោះស្រាយ​បញ្ចប់​រួចរាល់ ” ។​
សូម​រម្លឹកថា នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២ លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ផ្ញើលិខិត​ទូលថ្វាយ​សម្តេច​ព្រះមហា​ស​ង្ឃ រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេច​ព្រះមហា​សង្ឃរាជា គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តែង​ការសោកស្តាយ ចំពោះ​ករណី​វាយ​កុដិ​បុរាណទាំង៣នេះ​។​
យោងតាម​លិខិត​នោះ លោកស្រី ភឿង ស​កុ​ណា បានបញ្ជាក់​ថាៈ ” កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ ទូលព្រះបង្គំ​បានទទួល​ដំណឹង​ពី​មន្ត្រី​ជំនាញ និង​មហាជន រាយការណ៍​មក ស្តីពី​ករណី​នៃ​ការ​វាយ​កុដិ​បុរាណ ចំនួន​៣ (​កុដិ​លេខ ៤៣ ៤៣ និង ៤៥) ដែល​កសាង កំឡុង​ឆ្នាំ​១៩៣០ នៅក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម ដើម្បី​សាងសង់​ព្រះ​ចេតិយ ។ ក្រោយ​ដឹង​ដំណឹង​នេះ ក្រសួង​មានការ​សោកស្តាយ​ជាខ្លាំង ព្រោះ​កុដិ​ទាំង ៣ នេះ ក្រសួង​បាន​ចាត់ទុកជា សម្បត្តិ​បេតិកភណ្ឌ​ជាតិ ហើយ​បាន​ចុះ​ក្នុង​បញ្ជី របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ ២០១៧ ” ។
លោកស្រី ភឿង ស​កុ​ណា បានបញ្ជាក់​បន្ថែមថាៈ សកម្មភាព​នេះ កំពុង​រង​ការរិះគន់ យ៉ាង​ផុលផុស​ពី​មហាជន តាមរយៈ​បណ្តាញ​សង្គម​។ ក្នុងនាម​ក្រសួង ជា​សេនាធិការ របស់​រាជរដ្ឋាភិបាល ដែលមាន​តួនាទី និង​ភារកិច្ច ក្នុងការ​គ្រប់គ្រង ថែរក្សា​ការពារ​សម្បត្តិ បេតិកភណ្ឌ​វប្បធម៌​ជាតិ ក្រសួង​សូមបញ្ជាក់​ទូលថ្វាយ​ថា សកម្មភាព​នៃ​ការរុះរើ និង​វាយ កម្ទេច​កុដិ​ចាស់ ដោយ​ពុំបាន​សិក្សា ពិគ្រោះ និង​ការអនុញ្ញាត ពី​ក្រសួង​វប្បធម៌ ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់ ព្រមទាំង​សារាចរ របស់​រាជរដ្ឋាភិបាល ដែលជា​ឯកសារ គតិយុត្ត ជា​ធរមាន ជាមួយ​ការចង្អុល​បង្ហាញថា រាល់​ការជួសជុល​ព្រះវិហារ ឬ​សំណង់ អគារ​បេតិកភណ្ឌ​នានា ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ ដែលជា​ក្រសួង​ជំនាញ​៕