ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះ ខណ្ឌសីមាព្រះវិហារថ្មី វត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូ
Wed,18 May 2022 (Time 06:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 215នាក់)

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តគិរីឱសថទឹកជប់ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ាណែត បានឱ្យដឹងថា ព្រះវិហារថ្មី នៅវត្តគិរីឱសថទឹកជប់នេះ បានកសាងនៅក្នុងឆ្នាំ១៩៦២ សម័យសង្គមរាស្រ្តនិយម ដោយមានអាយុកាលប្រមាណ ៦០ ឆ្នាំមកហើយ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញស្ទើរខ្ទេចខ្ទីអស់ក្នុងរបបខ្មែរក្រហម។ ក្រោយការរស់រានឡើងវិញក្នុងឆ្នាំ១៩៧៩ សមិទ្ធផលជាច្រើន​ ត្រូវបានកសាងឡើងវិញសម្រេចបានសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ទៅតាមដំណាក់កាល ដោយមានការចូលរួមចំណែកបំពេញកុសលពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ។

ជាមួយគ្នានេះ ឯកឧត្តមបានចូល ត្រេកអរចំពោះសំណង់ព្រះវិហារថ្មីដ៏ស្កឹមស្កៃ និងជាសមិទ្ធផលថ្មីមួយទៀតផ្នែកព្រះពុទ្ធសាសនា ដែលត្រូវបានសាងសង់នៅលើទីតាំងគួរជាទីមនោរម្យក្នុងវត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូ ខេត្តកំពត និងសូមសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ទីអារាមនេះ។

ឯកឧត្តមបន្តថា ពិធីបញ្ចុះខណ្ឌសីមានេះ ត្រូវបានគ្រោងទុកមកជាយូរមកហើយ ប៉ុន្តែត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ មកដល់ថ្ងៃនេះ យើងអាចជួបជុំគ្នាធ្វើបុណ្យទាន ប្រកបដោយភាពសប្បាយរីករាយជ្រះថ្លា ស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ មានការធូរស្រាលច្រើន និងអាចគ្រប់គ្រងបាន ទោះបីជាមិនទាន់ផុតរលត់ទាំងស្រុកក៏ដោយ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សាសនាពិតជាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំសីលធម៌សង្គម ពីព្រោះការរៀនសូត្រស្វាធ្យាយ និងគោរពបដិបត្តិធម៌នៅក្នុងវត្តអារាម ក៏បាននាំឱ្យមានការផ្សព្វផ្សាយបន្ត និងសាបព្រោះផលវិជ្ជមាននៅតាមខ្នងផ្ទះ និងភូមិស្រុករបស់ប្រជាពលរដ្ឋ ក្នុងរូបភាពជាការបន្តប្រពៃណីដ៏ល្អរបស់ចាស់ទុំព្រឹទ្ធាចារ្យដល់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមបានបន្ថែមថា នេះគឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា បានធ្វើយ៉ាងជាក់ស្តែងរួចមកហើយនៅក្នុងការដឹកនាំប្រទេសជាង ៤០ ឆ្នាំកន្លងមកនេះ តាមរយៈការសង្គ្រោះអាយុជីវិតចេញពីសង្គ្រាម និងគ្រោះវិបត្តិ, ការលើកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ, ការរួមគ្នាបំពេញបុណ្យកុសល, ការផ្តល់ការអប់រំ និងឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ។ល។ ហើយសម្រាប់ពេលបន្តទៅមុខ ក៏នៅតែលុះនៅក្នុងបុព្វហេតុដ៏ពិសិដ្ឋមួយនេះតរៀងទៅ៕