ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ក្រុមអាជីវករគ្រោងលើកគ្នា តវ៉ានៅមុខ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោយគយនៅខេត្តតាកែវ គាបយកលុយគ្មានការយោគយល់ និងមិនមានវិក្កយបត្រ
Thu,16 November 2023 (Time 09:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ក្រុមអាជីវករគ្រោងលើកគ្នា តវ៉ានៅមុខ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោយគយនៅខេត្តតាកែវ គាបយកលុយគ្មានការយោគយល់ និងមិនមានវិក្កយបត្រ
ក្រុមអាជីវករបានលើកឡើងថា ប្រសិនបើមិនមានដំណោះស្រាយ សមស្របណាមួយទេពួកគាត់នឹងលើកគ្នា មកតវ៉ានៅមុខ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាក់មិនជាខានបើគ្មានដំណោះស្រាយជូនពួកគាត់។

ការលើកបែបនេះបន្ទាប់ពីពួកគាត់ផ្ទុះការតវ៉ា រឿងគយខេត្តតាកែវ គាបយកលុយពីអាជីវករ គ្មានការយោគយល់ និងមិនមានវិក្កយបត្រ បញ្ជាក់។

ក្រុមអាជីវករជាច្រើននាក់បានលើកគ្នាតវ៉ារឿងស្ថាប័នគយសាខាខេត្តតាកែវ និងគយចល័ត គាបយកលុយពីពួកគាត់ ដោយគ្មានការយោគយល់ និងគ្មានមិនមានវិក្កយបត្រ បញ្ជាក់លើទំនិញ។

ក្រុមអាជីវករជាច្រើននាក់ ខេត្តតាកែវ បានបញ្ចេញប្រតិកម្មរិះគន់ យ៉ាងខ្លាំងទៅលើ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវនិងលោក ប៉ោ សួន ប្រធានអង្គភាពគ្រប់គ្រងហានិភ័យនិងសវនកម្មគយប្រចាំភូមិសាស្ត្រព្រំដែនវៀតណាម។

ក្រុមអាជីវករក្នុងពេលផ្ទុះការតវ៉ាបានលើកឡើងថា ពួកគាត់បានរកស៊ីដឹកទំនិញ ”ឥវ៉ាន់ចាប់ហួយ” ពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ជាយូរឆ្នាំមកហើយ ដោយខ្លះប្រើ រថយន្តកូរ៉េ និងខ្លះទៀតប្រើរថយន្តសាំយ៉ុង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។ ក្នុងនោះ ជារៀងរាល់លើក ពេលដឹក”ឥវ៉ាម់ចាប់ហួយ” ចេញពីវៀតណាម ចូលមកខ្មែរ គឺត្រូវបង់ពន្ធនាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ចាប់ពី ១លាន ៥សែន ទៅ៣លានរៀល ក្នុង១ជើង។

ក្រុមអាជីវករបានបន្តថា ក្រោយបង់ពន្ធ នៅព្រំដែនរួចហើយ ពេលចេញផុត ពីព្រំដែនប្រហែល ៧គីឡូម៉ែត្រ រាល់រថយន្តដឹក”ឥវ៉ាន់ចាប់ហួយ”ទាំងនោះ នឹងត្រូវបង់លុយឱ្យគយចល័ត ដែលមានស្នាក់ការ នៅខាងជើងផ្សារទន្លាប់ ក្នុងភូមិសាស្ត្រ ស្រុកគិរីវង់ ចាប់ពី២ម៉ឺនរៀល ទៅ៥ម៉ឺនរៀល ក្នុង១ជើង។ លុះមកដល់ក្រុងដូនកែវ ទីរួមខេត្តតាកែវ តៃកុងរថយន្តឬព្រូឡាន ត្រូវចូលបង់លុយឱ្យ សាខាគយនិងរដ្ឋាករ ខេត្តតាកែវ ចំនួន១០ម៉ឺនរៀលទៀត សម្រាប់រថយន្ត១គ្រឿង។ បន្ទាប់មកទៀត ត្រូវបន្តបង់លុយឱ្យ គយចល័ត ដែលមានស្នាក់ការ នៅខាងកើត «រង្វង់មូលអូរចំបក់» ប្រមាណ ប្រហែល ១៥០ម៉ែត្រ ចំនួន៨ម៉ឺនរៀលទៀត សម្រាប់រថយន្តដឹកទំនិញ១គ្រឿង។

ក្រុមអាជីវករបញ្ជាក់ថា៖ ការបង់ពន្ធ នៅព្រំដែនអន្តរជាតិភ្នំដិន គឺមានក្រដាសស្នាម បង់ពន្ធចូលរដ្ឋខ្លះ និងបង់ចូលហោប៉ាវ មន្ត្រីគយខ្លះ។ ប៉ុន្តែសម្រាប់ការបង់លុយឱ្យ គយចល័តទាំង២ទីតាំងខាងលើ រួមនិងសាខាគយ និងរដ្ឋាករខេត្តតាកែវ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹកបង់ពន្ធចូលរដ្ឋអ្វីឡើយ។ ដោយជារៀងរាល់លើក ហុចលុយផ្ទាល់ដៃ ដាក់លើតុ ពោលគឺបង់ចូលហោប៉ាវ មន្ត្រីគយតែម្ដង។

អាជីវករបញ្ជាក់ទៀតថា ក្រុមគយមិនត្រឹមតែ បណ្ដាក់គ្នា អង្គុយចាំយកលុយដូចខ្យងប៉ុណ្ណោះទេ បច្ចុប្បន្នៈ លោក ស៊ុន ឆាយ រួមនិងលោក ប៉ោ សួន បានសហការគ្នា ដំឡើងថ្លៃពន្ធ ខ្ពស់កប់ពពកទៀតផង។ ដោយតម្រូវឱ្យ ពួកគាត់ជាអាជីវករ បង់ពន្ធ នៅព្រំដែន ចំនួន ៦លាន ២សែន រៀល ជាកំហិត ក្នុង១ជើង ដែលជាចំនួនច្រើនទ្វេដង បើប្រៀបធៀបទៅនឹងតម្លៃពីមុន។ ជាហេតុនាំឱ្យពួកគាត់ ជួបការលំបាកខាតបង់ ហើយម្នាក់ៗ ប្រឈមនឹងក្ស័យធន គ្មានប្រាក់បង់ធនាគារនោះទេ។

លើសជាងនេះទៅទៀត មន្ត្រីគយបាន កំណត់ឱសានវាទ ក្នុងលិខិតបង់ពន្ធនាំចូល ត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ។ ដោយគិតចាប់ពីពេលបោះត្រា ចេញពីព្រំដែនហើយបើលើសពី ៣ម៉ោង រាល់ទំនិញរបស់អាជីវករ នឹងក្លាយជាទំនិញគេចពន្ធ ឬខុសច្បាប់ ដែលប្រឈម នឹងចាប់ផាកពិន័យ១គុណជា៤តែម្ដង។ ព្រោះតែបែបនេះហើយ ទើបក្រុមអាជីវករ លើកគ្នាមកផ្ទុះការតវ៉ា ដើម្បីទាមទារ ចំនួន០៣ ចំណុចដូចខាងក្រោម៖

ទី១៖ ស្នើសូមឱ្យមន្ត្រីគយ លើកលែងការយកពន្ធតម្លៃខ្ពស់ ឱ្យយកត្រឹមតម្លៃទាបដូចពីមុន។

២៖ សូមឱ្យមានការពន្យារពេល បន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ ចល័ត និងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ។

៣៖ សូមឱ្យស្ថាប័នគយ យោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ីនិងរថយន្តសាំយ៉ុង ស៊ីឈ្នួលដឹកទំនិញ”ឥវ៉ាន់ចាប់ហួយ”ឱ្យគេ។ ស្របពេលដែល រថយន្តដឹកទំនិញចំនួន២គ្រឿង ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាករខេត្តតាកែវ ចាប់ឃាត់ទុក គ្រោហនឹងផាកពិន័យក្នុង១គ្រឿង ចំនួន៥ពាន់ ដុល្លារទៀតផង។

ការបញ្ចេញប្រតិកម្ម ពីសំណាក់អាជីវក បែបនេះ នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៣ នៅមុខស្នាក់ការ គយចល័ត និងមុខសាខាគយ និងរដ្ឋាករខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។

ករណីនេះ លោក ប៉ោ សួន ប្រធានអង្គភាពគ្រប់គ្រងហានិភ័យនិងសវនកម្មគយប្រចាំភូមិសាស្ត្រព្រំដែនវៀតណាម និងលោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ បានអោយដឹងថា ការឃាត់រថយន្តដឹកទំនិញទាំងនេះ យកមករក្សាទុកគឺចង់អោយបងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវក ចូលខ្លួនមកបង់ពន្ធអាករជូនរដ្ឋ ខណៈដែលភាគច្រើន អាជីវករដែលរកស៊ីដឹកទំនិញទាំងនោះ គឺមិនមានក្រដាស់បង់ពន្ធអាករទល់តែសោះ ដែលជាទំនិញរត់គេចពន្ធភាគច្រើនចូលតាមច្រករបៀង ព្រំដែនប្រទេសវៀតណាម តែម្តង ហើយក្នុងនោះក៏មានទំនិញហាមឃាត់ផងដែរ ដែលការដឹកជញ្ជូនទំនិញបែបនេះចាត់ជាទំនិញរត់គេចពន្ធ។

លោកបន្តថា សមត្ថកិច្ចគយនឹងបន្តប្រតិបត្តិការស្រាវជ្រាវ បង្ក្រាប អោយតែនៅតែមានអ្នកដឹកទំនិញរត់គេចពន្ធ គឺនៅតែចាប់ ជាបន្តរបន្ទាប់ ហើយដូច្នេះ ដើម្បីកុំអោយសមត្ថកិច្ចគយ ចាប់ សូមបងប្អូនអាជីវករទាំងអស់ ត្រូវបង់ពន្ធអាករអោយស្របច្បាប់ទាំងអស់គ្នា៕