ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អភិបាលខេត្តកំពង់ចាម៖​ ធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេស​ ឱ្យ​មានការរីកចម្រើន
Wed,24 May 2023 (Time 05:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)

អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេស ឱ្យមានការរីកចម្រើនទៅមុខ ខណៈដែលប្រទេសជាតិយើងមានសុខសន្តិភាព។

ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ប្រមាណជិត១០០០នាក់ ក្នុងក្រុងកំពង់ចាម នៅថ្ងៃពុធនេះ។

អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កត្តាដែលនាំឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម ទទួលបានជ័យលាភី ហើយសាលាខ្លះក៏ក្លាយទៅជាសាលាគំរូ ក្នុងនោះការងារអប់រំកាយ និងកីឡា ទទួលបានមេដាយសរុបចំនួន ៩៦គ្រឿង ដោយភាពជោគជ័យទាំងនេះ គឺអាស្រ័យលើតួអង្គសំខាន់ៗ ចំនួន៣ ដែលមានទីមួយគឺ តួអង្គរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ដែលបានជំរុញគាំទ្រដល់វិស័យអប់រំ ទីពីរគឺ តួអង្គគ្រូបង្រៀនតែម្ដងដែលបានខិតខំបង្ហាត់បង្រៀន និងទីបីគឺ តួអង្គអាណាព្យាបាលរបស់សិស្ស ដែលបានចួលរួមក្នុងការអប់រំ ដោយមានតួអង្គទាំង៣នេះហើយ ទើបយើងទទួលបានភាពរីកចម្រើនយ៉ាងត្រចះត្រចង់នោះ។

អភិបាលខេត្ត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនោះមាន វិស័យផ្លូវ ទឹក ភ្លើង និងមនុស្ស។ ប៉ុន្តែមកដល់បច្ចុប្បន្ន គឺវិស័យធនធានមនុស្សបានឈរមកលំដាប់អទិភាពទី១វិញ ពីព្រោះថាវិស័យធនធានមនុស្សនេះ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ខណៈដែលប្រទេសរបស់យើង មានសុខសន្តិភាពពេញបរិបូរណ៍។

លោកអ៊ុន ចាន់ដា ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម សូមបន្តរួមគ្នាការពារសុខសន្តិភាព ឱ្យបាននៅស្ថិតស្ថេរគង់វង់ជារៀងដរាបតទៅ និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ ២០២៣ ឱ្យបានគ្រប់ៗគ្នា ផងដែរ។

បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានគ្រឹះស្ថានសិក្សាសរុបចំនួន ៥៣៧កន្លែង ក្នុងនោះ មត្តេយ្យដាច់ដោយឡែកចំនួន ៦កន្លែង បឋមសិក្សា ៤០៧ អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង។ បុគ្គលិកសិក្សាសរុបចំនួន ៧.៩៤៧នាក់ សិស្ស ២២៣.០៣៧នាក់។

ដោយឡែកនៅក្នុងក្រុងកំពង់ចាម មានសាលាចំនួន ១៨(វិទ្យាល័យ៦ អនុវិទ្យាល័យ ២/១ឥស្លាម បឋម១១) បុគ្គលិកអប់រំសរុប ៩១៥នាក់ សាកលវិទ្យាល័យ ៧ និងសាលាបណ្តុះបណ្តាលគ្រូចំនួន ២កន្លែង ដែលមានគ្រូចំនួន ១០១នាក់។ ចំពោះការងារអប់រំកាយ និងកីឡា ឆ្នាំ២០២២ ទទួលបានមេដាយសរុបចំនួន ៩៦គ្រឿង(មាសចំនួន ២៦គ្រឿង, ប្រាក់ចំនួន ២៨គ្រឿង សំរឹទ្ឋចំនួន ៤២គ្រឿង) ក្នុងនោះការប្រកួតកីឡាជាតិលើកទី៣ ទទួលមេដាយសរុបចំនួន ៤៣គ្រឿង(មាស ១២គ្រឿង ប្រាក់ ៩គ្រឿង សំរឹទ្ឋ២២គ្រឿង) ដែលទទួបានចំណាត់ថ្នាក់លេខ៧ទូទាំងប្រទេសផងដែរ៕