ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
លោក ទៀ សីហា ចាត់ទុកវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ស្រទាប់យុវវ័យ ដើម្បីទទួលបានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពាក់ព័ន្ធ​នឹងវិស័យទេសចរណ៍
Thu,25 May 2023 (Time 04:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 31នាក់)

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានចាត់ទុកវគ្គបណ្តុះបណ្តាល នេះថា ពិតជាមានសារៈសំខាន់ណាស់សម្រាប់ ស្រទាប់យុវវ័យ ដើម្បីទទួលបានជំនាញ វិជ្ជាជីវៈច្បាស់លាស់ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ស្របពេលដែល អាជ្ញាធរខេត្តបាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ ក្នុងខេត្តឱ្យកាន់តែល្អប្រសើរតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ អគ្គិសនីប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសោភ័ណភាព តំបន់ក្នុងក្រុងឲ្យកាន់តែមានភាពស្អាត ស្រស់បំព្រង ពោរពេញទៅដោយភាពស្អាតតាមទីនានា ដូចជាផ្លូវថ្នលរុក្ខវិធី និងដងស្ទឹង ដែលសក្តិសម «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ» សំដៅចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គម បង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ ទេសចរណ៍ ប្រកបដោយនិរន្តភាព ផងដែរ។

ការលើកឡើងរបស់លោក ទៀ សីហា នៅថ្ងៃអង្គារនេះ
នៅសាកលវិទ្យាល័យ អង្គរ ក្នុងឱកាសដែលរៀបចំបេីកវគ្គបណ្តុះបណ្តាល លើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ”។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡេីងដើម្បីរួមចំណែកលើកកម្ពស់ សេវាកម្មទេសចរណ៍ ឡើងវិញក្រោយ វិបត្តិកូវីដ-១៩ បន្ទាប់ពីមានការចាកចេញពីវិស័យនេះ នូវពលកម្មស្នូល ជាច្រើន ដោយសារប៉ះពាល់ ជាអវិជ្ជមានលើសេដ្ឋកិច្ច គ្រួសារ របស់និយោជិក ដែលធ្លាប់បំរើលើវិស័យនេះ ក្នុងពេលដែលវិបត្តិសកលបានរាតត្បាត ក្នុងពេលកន្លងមក។

សូមបញ្ជាក់ថា យុវជនមកពីស្រុក ឃុំ ភូមិនានាក្នុងខេត្តសៀមរាប ចំនួន៣០០នាក់ នារីចំនួន១៦៩នាក់ បានទទួលបានការបណ្តុះបណ្តាល លើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ដែលសិក្សាពេញម៉ោង រយៈពេល ៦ខែ នៅសាកលវិទ្យាល័យអង្គរ តាមរយៈគំនិតផ្តួចផ្តើម របស់សមាគមក្លឹបទេសចរណ៍សៀមរាប ដោយទទួលបានការគាំទ្រសហហិរញ្ញប្បទានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជានិងតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាយុទ្ធសាស្រ្តតស្តារឡើងវិញរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងគុណភាពសេវាកម្ម និងមាន ការគាំទ្រឯកសារពីគណៈគ្រប់គ្រងគម្រោងហូកា (HOKA) នៃក្រសួងទេសចរណ៍ ផងដែរ។

ក្នុងរយៈពេលបណ្តុះបណ្តាល៦ខែ សិក្ខាកាមនឹងទទួលបានមេរៀនទ្រឹស្តី និងការអនុវត្តន៍ក្នុងថ្នាក់រៀនចំនួន២ខែហើយ៤ខែទៀតជាវគ្គ ហាត់ការតាមមុខជំនាញរៀងៗខ្លួន នៅតាមបណ្តា សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានា ក្នុងខេត្តសៀមរាប។ ចំពោះសិស្សដែលមកពីតំបន់ឆ្ងាយ សមាគមក្លឹបទេសចរណ៍សៀមរាប បានរៀបចំទីកន្លែងនិងផ្ទះស្នាក់ នៅជិតសាកលវិទ្យាល័យអង្គរ មានការយាមកាម និង បទបញ្ជាផ្ទៃក្នុង ច្បាស់លាស់ធានាដល់សុវត្ថិភាព និង សុខមាលភាពរបស់សិក្ខាកាមផងដែរ៕