ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សម្ដេចហ៊ុន សែន រម្លឹកថា កាលពីឆ្នាំ១៩៩៧ រោងចក្រនៅក្នុងប្រទេសកម្ពុជា មានតែជាង៦៤ រោងចក្រប៉ុណ្ណោះ ប៉ុន្ដែក្នុងឆ្នាំ២០២៣ មានចំនួន ១៧០០០រោងចក្
Fri,26 May 2023 (Time 12:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រម្លឹកថា កាលពីឆ្នាំ១៩៩៧ រោងចក្រនៅក្នុងប្រទេសកម្ពុជា មានតែជាង៦៤ រោងចក្រប៉ុណ្ណោះ ហើយមានកម្មករ តែ៨ម៉ឺននាក់ ទំហំនៃការនាំចេញមាន ២៧០ លានដុល្លារ។ ហើយពេលនោះកម្មករ ៨ ម៉ឺននាក់នេះ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារអាមេរិកទេ។

បច្ចុប្បន្នប្រទេសយើងមានរោងចក្រទៅដល់ ១៣២៦ រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ ម៉ឺននាក់។ ប៉ុន្ដែសរុបក្នុងឆ្នាំ ២០២៣នេះ រោងចក្រ សហគ្រាសទាំងអស់មានចំនួន ១៧០០០ រោងចក្រ មានកម្មកររហូតដល់ ១ លាន ៥ សែននាក់ ដែលនេះជាចំនួននៃការកើនឡើងនៃវិស័យឧស្សាហកម្មសម្រាប់ប្រទេសកម្ពុជា។

សម្តេចតេជោ បានមានប្រសាសន៍ថា ប្រាក់ខែកម្មករ-កម្មការិនីរោងចក្រ នាពេលបច្ចុប្បន្ននេះ មិនក្រោម២០០ដុល្លារអាមេរិកឡើយ ខណៈដែលចំនួននេះមិនក្រោមកម្រិតប្រាក់ខែកម្មករ-កម្មការិនី នៃប្រទេសក្បែរខាងឡើយ។ សម្ដេចតេជោ ហ៊ុន សែន រម្លឹកបែបនេះក្នុងឳកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនៅថ្ងៃសុក្រ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបជាមួយកូន ក្មួយ កម្មករ កម្មការនី នាព្រឹកនេះ។ សម្តេចតេជោ បានមានប្រសាន៍បញ្ជាក់ថា នេះជាជុំទី២ ដែលសម្តេចចុះជួបផ្ទាល់ជាមួយកម្មករ-កម្មការិនីរោងចក្រ ដែលគម្រោងនេះ គ្រោងធ្វើកាលពីពេលកន្លងទៅមកម្លេះ តែពេលនោះកម្ពុជាកំពុងផ្ទុះកូវីដ-១៩ ទើបត្រូវអាក់ខាន ហើយមកធ្វើនៅពេលនេះវិញ ដែលជាពេលស្រាកស្រាន្ត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សម្តេចតេជោបានប្រកាសពីភាពជោគជ័យ នៃការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលក្នុងនោះដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជារឿងចាំបាច់បំផុត រួមនឹងវិធានការសុខាភិបាលនានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងមិនអាចផ្លាស់ប្តូរអតីតកាលបានឡើយ តែយើងអាចរំលឹកពីអតីតកាល ដើម្បីជាកត្តាឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃការរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។ កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដើម្បីទាក់ទាញ កៀរគរ វិនិយោគិន មកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោបានសម្តែងក្តីរីករាយនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រាក់ខែកម្មការីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដែលទទួលបានរហូតដល់ជាង៤០០ដុល្លារអាមេរិក បូកជាមួយការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ ២០២៣នេះតទៅ នឹងចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ក្នុងនោះក៏មានការបង្កើនទឹកប្រាក់មួយទ្វេជាពីរ ដោយរដ្ឋាភិបាលត្រូវបង្កើនឡើងថវិកាប្រមាណ ១៣ លានដុល្លារបន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដើម្បីធានាឱ្យមាតា និងកូនមានសុខភាពល្អ។ គោលការណ៍ថ្មី នឹងធ្វើឱ្យរដ្ឋត្រូវចំណាយប្រមាណ ១៣លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន ក៏បាន អំពាវនាវដល់កម្មករ និយោជិត ឱ្យរួមគ្នាថែរក្សាសុខសន្តិភាពទាំងអស់គ្នា។សម្តេចតេជោក៏បានអំពាវនាវឱ្យថៅកែរោងចក្រនានា យកចិត្តទុកដាក់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពរបស់កម្មករ និយោជិត។ខិតខំដោះស្រាយទំនាស់នៅតាមរោងចក្រឱ្យបានលឿន កុំចិញ្ចឹមទំនាស់ទុក ហើយសម្តេចតេជោ ក៏បានអំពាវនាវឱ្យកម្មករ និយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត៕ដោយនាគខៀវ