ថ្ងៃអង្គារ៍ ទី២៩ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សម្ដេច ស ខេង៖ ក្រុមប្រឆាំង ជាការប៉ុនប៉ងទាំងល្ងិតល្ងង់ ក្នុងគ្រាអស់សង្ឃឹម និងជាការបំផុសបំផុលដ៏គ្រោះថ្នាក់ដល់ប្រទេសជាតិ
Tue,12 September 2023 (Time 04:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅ
ថ្ងៃចន្ទ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ
បានសារផ្ញើជូនបងប្អូនជនរួមជាតិ ជាទីគោរព និងជាមេត្រី!។

សម្ដេច ស ខេង បានសរសរថា នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើង មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗតាមរយៈបណ្តាញសង្គម សារព័ត៌មាននានា និងជាពិសេសតាមការឃោសនាអកុសល ប្រតិដ្ឋនូវព័ត៌មាននានាក្នុងបំណងដ៏កខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហើយបានយកឈ្មោះខ្ញុំជាប្រធានបទមួយសម្រាប់បម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ ។

ក្នុងនាមខ្ញុំជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនជនរួមជាតិដ៏ច្រើនលើសលប់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មេត្តាជ្រាបថា៖ ការលើកឡើងរបស់មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនេះ ជាការប៉ុនប៉ងទាំងល្ងិតល្ងង់ក្នុងគ្រាអស់សង្ឃឹម និងជាការបំផុសបំផុលដ៏គ្រោះថ្នាក់ដល់ប្រទេសជាតិ។

ខ្ញុំសូមអំពាវនាវឲ្យក្រុមជនអគតិ និងទុច្ចរិតទាំងនោះ បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំលើគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ជាថ្មីម្តងទៀត ខ្ញុំសូមអះអាងឡើងវិញនូវគោលជំហរដ៏ពេញទំហឹងឥតងាករេរបស់ខ្ញុំថា ខ្ញុំនៅតែបន្តគាំទ្រ និងលើកទឹកចិត្តតាមការដែលអាចធ្វើបាន រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួនឲ្យបានសម្រេច និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ តាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានប្រកាសកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

សូមជូនពរបងប្អូនជនរួមជាតិ ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ប្រការ។សូមអរគុណ សន្តិភាព។