ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សម្ដេចធិបតី ដាក់បទបញ្ជាឱ្យ បង្ក្រាបក្រុមក្មេងទំនើង
Thu,23 May 2024 (Time 01:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 91នាក់)

ភ្នំពេញ៖សម្ដេចអធិបតីហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ចគ្រប់ចាន់ថ្នាក់ទប់ស្កាត់ការបង្ក្រាបនៅក្មេងទំនើងបងធំបងតូច។

ថ្លែងនៅក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” នៅថ្ងៃព្រហស្បតិ៍នេះ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងមួយរយៈពេលនេះ ខ្ញុំបានសង្កេតឃើញមានការកើតឡើងជាញឹកញាប់នូវសកម្មភាពក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដោយរួមទាំងការប្រព្រឹត្តអំពើហិង្សា និងមានទាំងការប្រើប្រាស់អាវុធ ដូចជាកាំបិត ដាវ ពូថៅ ជាដើម ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ សន្តិសុខសង្គម ពិសេស ភាពសុខសាន្តរបស់ប្រជាជន។

សម្ដេចហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងទាំងនេះ ទាំងវិធានការរដ្ឋបាលក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ, សន្តិសុខសង្គម, សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ ពិសេស ភាពសុខសាន្តរបស់ប្រជាជនក្នុងសហគមន៍ ។

ជាមួយគ្នានេះ, ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ មានវិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងទាំងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីការការពារសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជនយើង។

ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវឱ្យឪពុកម្តាយ ក៏ដូចជា អាណាព្យាបាល ខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ក៏ដូចជា ក្មួយៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ វៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់ក្មួយៗទាំងអស់ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសខ្មែរយើង សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរថ្លៃហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណាដែលបង្ករអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕